
កម្លាំងចម្រុះរាជធានីភ្នំពេញ ចុះបិទឃ្លាំងស្តុកទំនិញហួសកាលបរិច្ឆេទមួយកន្លែង និងត្រួតពិនិត្យទីតាំងសង្ស័យបទល្មើសឆបោកអនឡាញចំនួន ៨៨គោលដៅ
ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។ តាមរយៈប្រតិបតិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន ១ ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ សរុបចំនួន ១.៦៤៧កេស ស្មើនឹង ១៤.៦៣៨,៥គីឡូក្រាម នាំចូលពីបរទេស ក្នុងនោះការិយាល័យ ក.ប.ប រាជធានីភ្នំពេញ បានរកឃើញទំនិញចំនួន ១៧មុខ ជាទំនិញនាំចូលពីប្រទេសថៃ និងមានទំនិញចំនួន ២មុខ គឺ ទឹកតែអូអ៊ិឈិ ចំនួន ៣៤កេស និងទឹកវីតាមីន Blue ចំនួន ៤កេស ហួសកាលបរិច្ឆេទប្រើប្រាស់។










