
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលក្រាបថ្វាយបង្គំសាកសួរព្រះរាជសុខភាព និងថ្វាយទេយ្យវត្ថុ ចំពោះសម្តេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
ក្នុងនាមជាកុលធីតាខ្មែរមួយរូប ដែលតែងតែប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា ជាពិសេសតែងតែគិតគូរជាប្រចាំអំពីសុខុមាលភាព និងព្រះរាជសុខភាពរបស់ព្រះសង្ឃ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភា និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់សាកសួរពីព្រះរាជសុខភាព ព្រមទាំងនាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ថ្វាយប្រគេនផ្ទាល់ចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅមហាកុដិ ក្នុងវត្តបទុមវត្តីរាជវរារាម រាជធានីភ្នំពេញ។









